ដូចអ្វីដែលខ្ញុំធ្លាប់បានបញ្ចេញយោបល់នៅក្នុងអត្ថបទមុន ឆ្នាំប្រលងឆ្នាំនេះ ជាចំនុចដ៏រសើបរបស់ក្រសួងអប់រំ។ គិតចាប់តាំងពីដើមឆ្នាំមក មានកំណែទម្រង់បែបបទប្រឡងជាច្រើន ពិសេសសង្កត់ធ្ងន់លើភាពមិនប្រក្រតីក្នុងពេលប្រឡង ការបង្កើនប្រាក់ឧបត្ថម្ភដល់គ្រូដែលចូលរួមការប្រលង ការរឹតបន្តឹងច្បាប់បញ្ញត្តិ និងការដាក់វិន័យផ្សេងៗចំពោះការប្រព្រឹត្តិខុសច្បាប់ជាដើម។
ទិដ្ឋភាពទូទៅឆ្នាំនេះ
ការប្រលងបាក់ឌុបទូទាំងប្រទេសឆ្នាំនេះនឹងធ្វើនៅថ្ងៃ ទី៤និងទី៥ សីហា ដែលមានបេក្ខជនប្រលងសរុបចំនួន ៩៣ ៤៥៧នាក់ និងមានមណ្ឌលប្រឡងចំនួន ១៥៤មណ្ឌល ចែកចេញជា ៣ ៧៧៩បន្ទប់ នៅរាជធានី ខេត្តទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។ ហើយការប្រកាសលទ្ធផលនៅតាមមណ្ឌលនីមួយៗ នឹងប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ២៩ ខែសីហា សម្រាប់មណ្ឌលប្រលងនៅរាជធានីភ្នំពេញ និងថ្ងៃទី៣០ ខែសីហា សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។ [Ref]
ថ្នាក់ទី១២ ចាប់តាំងពីឆ្នាំ ២០១០មក ត្រូវបានបែកចែកការសិក្សា និងការប្រលងជាពីរក្រុមផ្សេងគ្នាមានដូចជា៖
- ផ្នែក វិទ្យាសាស្ត្រ៖ ពាក់ព័ន្ធនឹងរូបមន្ត ឬគុនគូរលេខ មានដូចជា មុខវិជ្ជា គីមី ជីវៈ រូប ភាសាខ្មែរ គណិត ភាសាបរទេស និង ប្រវត្តិវិទ្យា (មុខវិជ្ជាជម្រើសដែលចាប់ឆ្នោតបាន)
- ផ្នែក សង្គម៖ សម្បូរដោយមុខវិជ្ជាមេរៀន និង ទ្រឹស្ដី មានដូចជា គណិត ភូមិវិទ្យា ប្រវត្តិវិទ្យា អក្សរសាស្ត្រខ្មែរ សីលធម៌ ភាសាបរទេស និង រូបវិទ្យា (មុខវិជ្ជាជម្រើសដោយចាប់ឆ្នោតបាន)
បើតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានអោយដឹងថា សិស្សថ្នាក់ទី១២ឆ្នាំនេះភាគច្រើន បានជ្រើសរើសយកផ្នែក វិទ្យាសាស្ត្រ។
សិស្សឆ្នាំនេះ ត្រូវមានពិន្ទុប្រលងឆមាសទាំងពីរ យ៉ាងហោចណាស់ ២៥% ដើម្បីមានសិទ្ធិអាចចូលរួមប្រលងបាក់ឌុបថ្នាក់ជាតិបាន ហើយពិន្ទុនោះមិនត្រូវបានយកមកបូកជាមួយពិន្ទុពេលប្រឡងថ្នាក់ជាតិឡើយ។ នេះជាលក្ខខណ្ឌមួយដែលមិនធ្លាប់មានពីមុនមកទេ ក្នុងរវាងជាងមួយទសវត្សសម្រាប់ការប្រឡងទុតិយភូមិកន្លងមក។
លើសពីនេះទៀត តាមលទ្ធផលចាប់ឆ្នោតនៅក្រសួង សិស្សផ្នែកវិទ្យាសាស្ត្រត្រូវប្រលងបន្ថែមមុខវិជ្ជាប្រវត្តិវិទ្យា ឯសិស្សផ្នែកសង្គមថែមរូបវិទ្យា មុនវិជ្ជាបន្ថែមនេះគឺសម្រេចថែមតែប្រហែលជាង១ខែកន្លះមុនប្រឡងប៉ុណ្ណោះ គឺកាលពីថ្ងៃទី២០មិថុនាថ្មីៗនេះ។
ចំណែកខាងការគ្រប់គ្រងវិញ អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋនឹងទទួលខុសត្រូវ តាមដាន និងអនុវត្តរាល់អំពើពុករលួយក្នុងការប្រឡង ហើយថ្មីៗនេះដែរ ក៏មានការប្រកាសអោយដឹង ឬរម្លឹកពីបទបញ្ញត្តិមួយអំពីការប្រើប្រាស់ ឬយកមកតាមខ្លួននូវទូរស័ព្ទទំនើប គឺបេក្ខជននឹងត្រូវបញ្ឈប់ការប្រឡង និងកំណត់ថាធ្លាក់តែម្តង។ ហើយក៏មានការចូលរួមពីក្រុមអង្កេតការពីសង្គមស៊ីវិលផ្សេងៗផងដែរ។
មើលទៅវាមិនខុសពីពាក្សដែលគេថា៖ “អ្នកចេះបានជាប់” នោះទេ
សូមប្អូនសិស្សានុសិស្សទាំងអស់ ត្រៀមខ្លួនអោយបានល្អ និងជៀសវៀងការប្រព្រឹត្តិខុសច្បាប់អោយខានតែបាន។
ទស្សនៈខ្ញុំ
បើក្រឡែកមើលពីការអប់រំទូទៅនៅប្រទេសកម្ពុជា ត្រូវការទាំងកំណែទម្រង់ និងពង្រឹងការអនុវត្ត រួមទាំងការយកចិត្តទុកដាក់ផ្សេងទៀតចំពោះជីវភាពគ្រូបង្រៀនជាទូទៅ ដែលជាចំនុចគ្រឹះនៃការផ្លាស់ប្តូរដ៏ពិតប្រាកដសម្រាប់ជាតិ។
ខ្ញុំនឹងបន្តតាមដានមើល៍ថាតើការប្រឡងឆ្នាំនេះត្រឹមត្រូវប៉ុណ្ណា? បើទោះជាការផ្លាស់ប្តូរខាងលើនេះ លឿនឬទាន់ហន់ជ្រុលមែន តែវាក៏ជាចំនុចដែលយើងអាចមើលឃើញភ្លាមៗថាតើក្រសួងអប់រំមានឆន្ទះ អនុវត្តកម្រិតណាដែរ?
យើងទាំងអស់គ្នា ដើម្បីការអប់រំ
ការអប់រំ ដើម្បីយើងទាំងអស់គ្នា
—
- អត្ថបទពី ការប្រឡងបាក់ឌុប
- វេបសាយក្រសួងអប់រំ៖ http://www.moeys.gov.kh/kh/
- ហ្វេសប៊ុកក្រសួងអប់រំ៖ https://www.facebook.com/moeys.gov.kh