ឆ្នាំនេះជាសញ្ញាពិសេស ទាំងការរៀបចំការប្រឡង រហូតដល់លទ្ធផល ចាប់តាំងពីជាង១០ឆ្នាំហើយដែលខ្ញុំបន្តការតាមដានអំពីការសិក្សានៅវិទ្យាល័យ និងពិសេសការប្រឡងបាក់ឌុបរាល់ឆ្នាំ។
ជាមួយគ្នានេះដែរ ឆ្នាំនេះក្រៅពីការប្រែប្រួលខាងលើ ការផ្តល់ព័ត៌មាន ការឆ្លើយនឹងសំនួររបស់ក្រួសួងអប់រំក៏ហាក់បន្ទន់ និងផ្តល់ភាពងាយស្រួលច្រើនដែរ។
ថ្មីៗនេះក្រសួងក៏បានចេញនូវក្រាបភាគរយសិស្សជាប់ក្នុងរយៈពេល ៣៥ឆ្នាំ ចាប់ពីឆ្នាំសិក្សា ១៩៧៩ – ១៩៨០ ដល់ឆ្នាំសិក្សាឆ្នាំនេះ ត្រឹមការប្រឡងលើកទីមួយ ដែលបង្ហាញពីភាពខុសគ្នានៃលទ្ធផល។
ខ្ញុំចាំបានថា នៅឆ្នាំសិក្សា ២០០១ – ២០០២ ជាឆ្នាំប្រឡងបាក់ឌុបដំបូងនៃកម្មវិធីសិក្សាថ្មីជាមួយប្រព័ន្ធនិទ្ទេសពី A ដល់ F (A: ល្អប្រសើរ, B: ល្អណាស់, C: ល្អ, D: ល្អបង្គួ, E: មធ្យម, F: ធ្លាក់) ហើយសាកលវិទ្យាល័យរដ្ឋប្រើប្រាស់និទ្ទេសនេះ ដើម្បីកំណត់លទ្ធផលអាហារូបករណ៍ ហើយក៏លែងមានការប្រឡងចូលភាគច្រើនខុសពីឆ្នាំមុននោះផងដែរ។
ពេលនោះ មានតែសិស្ស ៣៩,៨៣%ទេ ដែលបានជាប់ ជាមួយនឹងសិស្សនិទ្ទេស A មាន ៣នាក់ និទ្ទេស B មាន ២៧ឬ២៨នាក់ និងនិទ្ទេស C ប្រហែលជាង ៥០០នាក់។
ក្រោយមក បើខ្ញុំចាំមិនខុសទេ នៅឆ្នាំ២០១០ ជាឆ្នាំចាប់អោយមានការបែងចែកសិស្សរៀនថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គម នៅថ្នាក់ទី១០ ហើយប្រព័ន្ធប្រឡងតាមជំនាញក៏ចាប់ផ្តើមសម្រាប់ជំនាន់នោះ។
នៅឆ្នាំនេះ (២០១៤) មានការប្រែប្រួលធំមួយ ដែលគួរអោយចាប់អារម្មណ៍ គឺការពង្រឹងរបៀប វិន័យ និងការបំបាត់អំពើពុករលួយពេលប្រឡង ដែលជាបញ្ហាធំមួយក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។
ឥឡូវ យើងក្រលែកមើលលទ្ធផលទាំង ៣៥ឆ្នាំនេះទៅមើល៍ ថាតើប្រែប្រួលខ្លាំងប៉ុណ្ណា៖
